បរទេស៖ ឯកអគ្គរដ្ឋទូតអាមេនី ប្រចាំនៅប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសតួកគី នាពេលថ្មីៗនេះ បានបញ្ជូនកងកម្លាំងប្រយុទ្ធប្រមាណ ៤.០០០នាក់ ចេញពីប្រទេសស៊ីរីភាគខាងជើង ទៅឲ្យប្រទេសអាហ្សែបែហ្សង់ ស្របពេលមានការប្រយុទ្ធគ្នា ជុំវិញបញ្ហាតំបន់ Nagorno-Karabakh។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី ឈ្មោះ RIA បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូតរូបនោះ បានមានប្រសាសន៍ប្រាប់ថា កងកម្លាំងប្រយុទ្ធទាំងនោះ បានចូលរួមក្នុងការប្រយុទ្ធគ្នា នៅតំបន់ Nagorno-Karabakh ដែលជាតំបន់មួយ ស្ថិតនៅខាងក្នុងប្រទេសអាហ្សែបែហ្សង់ ប៉ុន្តែគ្រប់គ្រង ដោយជនជាតិភាគតិចអាមេនី។
គួរបញ្ជាក់ថា កងកម្លាំងរបស់ប្រទេសអាមេនី និងប្រទេសអាហ្សែបែហ្សង់ បានធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា សម្រាប់ថ្ងៃទីពីរ នៅថ្ងៃចន្ទនេះ ជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដោយភាគីទាំងពីរចោទដាក់គ្នាទៅវិញទៅមកថា បានប្រើប្រាស់កាំភ្លើងធំធុនធ្ងន់៕ ប្រែសម្រួល៖ប៉ាង កុង