ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ច្រានចោល ការចោទប្រកាន់ របស់អារ៉ាប៊ីសាអូឌីត ដែលថាអ៊ីរ៉ង់ ផ្តល់ការហ្វឹកហាត់ ដល់បណ្ដាញភេរវកម្ម

បរទេស ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបដិសេធច្រានចោល បទចោទប្រកាន់មួយធ្វើឡើង ដោយអារ៉ាប៊ីសាអូឌីត ដែលថា ទីក្រុងតេអេរ៉ង់ បានផ្តល់ការហ្វឹកហាត់ ដល់បណ្ដាញភេរកម្មមួយ ដែលទីក្រុងរីយ៉ាដនិយាយថា ខ្លួនបានកម្ចាត់ចោល ។

លោក Saeed Khatibzadeh ជាមន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយដូច្នេះថា “ការចោទប្រកាន់ដ៏គ្មាន តម្លៃដដែលៗ របស់អារ៉ាប៊ីសាអូឌីត គឺមិនមែនជាផ្លូវឲ្យទីក្រុងរីយ៉ាដ សម្រេចគោលដៅខ្លួននោះទេ ហើយការណែនាំរបស់យើងគឺថា អារ៉ាប៊ីសាអូឌីត គួរតែជ្រើសយកផ្លូវនៃភាពស្មោះត្រង់និងគតិបណ្ឌិត ជំនួសឲ្យសេណារីយ៉ូគ្មានតម្លៃនោះ”។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនទើបបានចាប់ខ្លួន មនុស្សចំនួន១០នាក់ កាលពីដើមខែនេះ និងរឹបអូសយកអាវុធ និងគ្រាប់បែកពីបណ្ដាញភេរវកម្ម ដែលទទួលបានការហ្វឹកហាត់ ពីកងកម្លាំងការពារបដិវត្តន៍ឥស្លាម របស់ប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top