វ៉ាស៊ីនតោន៖ ស្ទើរតែពាក់កណ្តាល នៃរដ្ឋអាមេរិកកំពុងរាយការណ៍ អំពីចំនួននៃករណីថ្មីជំងឺកូវីដ-១៩ ដែលកំពុងតែកើនឡើង ខណៈដែលអ្នកជំនាញខាងសុខភាព បានព្រមានពីការកើនឡើងនៃវីរុស ឆ្លងនៅសហរដ្ឋអាមេរិក ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះ។
គិតត្រឹមថ្ងៃអាទិត្យចំនួន ករណីថ្មីនៃជំងឺកូវីដ-១៩ បានកើនឡើងយ៉ាងហោចណាស់ ១០ ភាគរយ ឬច្រើនជាងនេះបើប្រៀបធៀបទៅនឹងសប្តាហ៍មុននៅក្នុងរដ្ឋចំនួន ២១ ដែលភាគច្រើននៃពួកគេ គឺនៅភាគខាងលិច នេះបើយោងតាមការវិភាគរបស់ទូរទស្សន៍ស៊ីអិនអិន ពីទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ។
ករណីកំពុងកើនឡើង នៅក្នុងរដ្ឋចំនួន ២១ របស់សហរដ្ឋអាមេរិកដូចជា Alabama, Alaska, Nevada, New Jersey, Oregon, South Carolina និង Wyoming ។
នៅក្នុងនោះដែររដ្ឋចំនួន ១៨ផ្សេងទៀតកំពុងរក្សាស្ថិរភាព ហើយមានតែរដ្ឋចំនួន ១១ ប៉ុណ្ណោះដែលរួមមានរដ្ឋអារីហ្សូណា រដ្ឋ Louisiana រដ្ឋ Tennessee និងរដ្ឋ New Hampshire ដែលមានការធ្លាក់ចុះករណីថ្មីជាង ១០ ភាគរយបើប្រៀបធៀប ទៅនឹងសប្តាហ៍មុន៕
ដោយ ឈូក បូរ៉ា