ព័ត៌មានអន្តរជាតិ

កូរ៉េទាំងពីរ អាចនឹងមានជម្លោះ កើនឡើងជាថ្មីម្តងទៀត ជុំវិញព្រំដែនសមុទ្រអន្តរកូរ៉េ នៅសមុទ្រខាងលិច បន្ទាប់ពីការសម្លាប់មន្រ្តីកូរ៉េខាងត្បួង កាលពីសប្តាហ៍មុន

បរទេស៖ ជម្លោះអាចកើនឡើងជាថ្មីម្តងទៀត ជុំវិញព្រំដែនសមុទ្រអន្តរកូរ៉េនៅសមុទ្រខាងលិច បន្ទាប់ពីការសម្លាប់មន្រ្តីកូរ៉េខាងត្បួង កាលពីសប្តាហ៍មុន ដោយកងទ័ពកូរ៉េខាងជើង នៅក្នុងដែនទឹក របស់ប្រទេសកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ខណៈដែលយោធាកូរ៉េខាងត្បូង កំពុងបន្តប្រតិបត្តិការ ស្វែងរកសាកសពនៅផ្នែកម្ខាង នៃដែនកំណត់ខាងជើង (NLL) ដែលជាព្រំដែនសមុទ្រអន្តរកូរ៉េ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានព្រមានក្រុងសេអ៊ូល ប្រឆាំងនឹងការ“ រំលោភ” ចូលទៅក្នុងដែនទឹកកូរ៉េខាងជើង និងបង្កើតភាពតានតឹង ដែលអាចនាំឱ្យមានព្រឹត្តិការណ៍ មិនអំណោយផលផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង បានធ្វើការព្រមានកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យកូរ៉េខាងត្បូង បញ្ឈប់ការរំលោភជាបន្ទាន់ នូវអ្វីដែលខ្លួនហៅថា“ ខ្សែកំណត់ព្រំដែនសមុទ្រខាងលិច” ។

ទោះយ៉ាងណាក៏ដោយ យោធាកូរ៉េខាងត្បូង បានបដិសេធការអះអាងរបស់កូរ៉េខាងជើង ដោយនិយាយថា NLL ដែលត្រូវបានកំណត់ ដោយមេបញ្ជាការ នៃបញ្ជាការអង្គការសហប្រជាជាតិ ឧត្តមសេនីយ៍ Mark Clark នៅខែសីហាឆ្នាំ ១៩៥៣ គឺជាខ្សែកំណត់ព្រំដែនសមុទ្រជាក់ស្តែង រវាងកូរ៉េនិង NLL ដែលគួរតែអង្កេត និងគោរព៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top