បរទេស៖ ទាំងរដ្ឋាភិបាលទីក្រុង យេរ៉េវ៉ាន់ របស់ប្រទេស អាមេរនី និង រដ្ឋាភិបាលទីក្រុង បាគូ ប្រទេស អាស៊ែបៃហ្ស៊ង់ បានចោទប្រកាន់គ្នា ទៅវិញទៅមក នៃការវាយប្រហារតាមខ្សែ នៃការត្រួតពិនិត្យនិងការផ្សាយ វីដេអូ ដែលពិពណ៌នាអំពីការបំផ្លាញ យន្ដហោះគ្មានមនុស្សបើក (ដ្រូន) យន្តហោះ, រថក្រោះ, រថយន្តពាសដែក របស់ភាគីប្រឆាំង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា យោធាអាស៊ែបៃហ្ស៊ង់នៅថ្ងៃពុធនេះបានប្រកាសថា ខ្លួនបានបំផ្លាញប្រព័ន្ធមីស៊ីល S-300 របស់អាមេនីនៅតំបន់ Nagorno-Karabakh ។ រដ្ឋាភិបាលទីក្រុងបាគូ ក៏បានអះអាងផងដែរថា យ៉ាងហោចណាស់ទាហានអាមេនីចំនួន ២ ៧០០ នាក់ ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការប៉ះទង្គិចនាពេលថ្មីៗនេះ។
ក្រសួងបាននិយាយថា “ កាលពីម្សិលមិញក្នុងអំឡុងពេល នៃការប្រយុទ្ធគ្នានៅលើទឹកដី Shushakend ក្នុងស្រុក Khojavend [ខ្សែទំនាក់ទំនងនៅ Karabakh] ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះ S-300 របស់សត្រូវត្រូវបានបិទ” ។
ក្រសួងការពារជាតិ អាស៊ែបៃហ្ស៊ង់ ពីមុនបាននិយាយថា ខ្លួនបានបំផ្លាញកងវរសេនាធំអាមេនី ក្នុងកំឡុងពេលនៃការប៉ះទង្គិចគ្នា ដែលរដ្ឋាភិបាលទីក្រុង យេរ៉េវ៉ាន់ បានបដិសេធថា ជាព័ត៌មានក្លែងក្លាយ៕
ប្រែសម្រួលៈ ណៃ តុលា