បរទេស៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ា របស់តួកគី ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងគាំទ្រដល់រដ្ឋាភិបាលទីក្រុង បាគូ ប្រទេស អាស៊ែបៃហ្ស៊ង់ ទាំងក្នុងការចរចានិងក្នុងការប្រយុទ្ធ ព្រមទាំងព្រមានផងដែរថា ការវាយប្រហារណាមួយប្រឆាំងនឹងទឹកដីអាស៊ែបៃហ្ស៊ង់ គឺជាការវាយប្រហារ ប្រឆាំងនឹងតួកគី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង បានរិះគន់សេចក្តីថ្លែងការណ៍របស់តួកគី ស្តីពីជម្លោះនៅតំបន់ Nagorno-Karabakhថាជា វោហាសាស្ត្រ“ គ្រោះថ្នាក់” និងជាវោហារសម្រាប់អ្នកដែលចូលចិត្តសង្គ្រាម។
លោកបានសង្កត់ធ្ងន់ថា “ ខ្ញុំបានកត់សម្គាល់នូវសេចក្តីប្រកាសនយោបាយរបស់ប្រទេសតួកគី [ដែលគាំទ្រអាស៊ែបៃហ្ស៊ង់] ដែលខ្ញុំគិតថា មិនសមហេតុផល និងមានគ្រោះថ្នាក់” ។
ប្រធានាធិបតីបារាំងរូបនេះបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅរដ្ឋធានី រីហ្គា ប្រទេស ឡេតូនី ថា “ ខ្ញុំនឹងនិយាយជាមួយប្រធានាធិបតីពូទីន នៅថ្ងៃនេះហើយខ្ញុំជឿថាជាមួយលោកប្រធានាធិបតី ត្រាំ នៅថ្ងៃស្អែក គឺនឹងលើកឡើងពីបញ្ហានេះដើម្បីផ្លាស់ប្តូរយោបល់និងស្នើឱ្យមានការបញ្ចៀសផ្លូវចេញពីវិបត្តិ” ។
ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានថ្លែងថា ទីក្រុងអង់ការ៉ានឹងធ្វើ“ អ្វីដែលចាំបាច់” ប្រសិនបើអាហ្សែបែហ្សង់ស្នើសុំជំនួយយោធា៕ ប្រែសម្រួលៈ ណៃ តុលា