បរទេស៖ ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅតំបន់អាស៊ី នាសប្ដាហ៍ក្រោយនេះ បង្ហាញឲ្យឃើញពីការប្តេជ្ញាដ៏ខ្លាំងក្លា របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសម្ពន្ធមិត្ត និងដៃគូនានានៅក្នុងតំបន់ នេះបើតាមសម្តី មន្ត្រីការទូតជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ីបូព៌ា លោក David Stilwell និយាយឲ្យដឹង។
លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងនៅអឺរ៉ុប និងគ្រោងចាកចេញ ទៅទីក្រុងតូក្យូនាថ្ងៃអាទិត្យនោះ នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា លោកនឹងបន្តដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសម៉ុងហ្គោល ក្រោយពេល ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានតេស្តរកឃើញឆ្លងជម្ងឺកូវីដ១៩។
លោក David Stilwell តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិក បានឃើញការសម្រេចចិត្តធ្វើឡើង ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ដើម្បីរៀបពិធីទទួលលោក ជាការបញ្ជាក់ជាថ្មីនៃភាពជាដៃគូ ដ៏រឹងមាំជារៀងរហូត៕ ប្រែសម្រួល៖ប៉ាង កុង