ព័ត៌មានអន្តរជាតិ

មកស្គាល់ ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងខ្សែស្តេច ដែលបានឆ្លងមេរោគ កូវីដ១៩

បរទេស៖ យ៉ាងហោចណាស់មនុស្សចំនួន ៣៤ លាននាក់ បានឆ្លងមេរោគកូវីដ១៩ និង មានអ្នកស្លាប់ ១ លាននាក់ ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោកគិត ត្រឹមថ្ងៃទី ២ ខែតុលា។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំនិងភរិយាថ្មីៗនេះ បានក្លាយជាមនុស្សថ្មីបំផុតក្នុងបញ្ជីអ្នកនយោបាយលេចធ្លោ និងឥស្សរជនដែលលេចធ្លោសាធារណៈទូទាំងពិភពលោកដែលឆ្លងវីរុសកូវីដ ១៩ ពេលមានការរីករាលដាលនៃរោគរាតត្បាតទូទាំងពិភពលោក។

នេះគ្រាន់តែជាការសង្ខេបនៃ“ ជនរងគ្រោះ” ដែលមានឈ្មោះលេចធ្លោល្បីៗមួយចំនួន ដែលបានឆ្លងជំងឺដែលកំពុងតែរាលដាលពាសពេញពិភពលោកពេញមួយឆ្នាំនេះ។

ទី១. លោក ដូណាល់ត្រាំ និង ភរិយា

នៅព្រឹកថ្ងៃទី ២ ខែតុលាលោកដូណាល់ត្រាំ បានលើកឡើងនៅលើធ្វីតធ័រថា លោកនិងភរិយាលោកស្រី Melania បានធ្វើតេស្តវិជ្ជមាន (ឆ្លង) ជំងឺកូវីដ១៩ ដោយលោកបានបន្ថែមថា ទាំងលោកនិង ភរិយា នឹងចាប់ផ្តើម“ ដំណើរការផ្តាច់ខ្លួនឱ្យនៅដាច់ដោយឡែក ។

ទី២. លោក Jair Bolsonaro

ដោយនិយាយរិះគន់ចំពោះវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ កាលពីដើមឆ្នាំនេះ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសនៅក្នុងខែកក្កដាថា លោកបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសនេះ។ លោក Bolsonaro បាននិយាយថា លោកបានចាប់ផ្តើមប្រើថ្នាំ hydroxychloroquine ដើម្បីប្រឆាំងនឹងជំងឺគ្រុនចាញ់ដើម្បីព្យាបាលជំងឺនេះ។

ទី៣. លោក Boris Johnson

នៅថ្ងៃទី ២៧ ខែមីនា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថា លោកបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺកូវីដ១៩ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ១០ ថ្ងៃក្រោយបន្ទាប់ពីតស៊ូ វាយបករោគសញ្ញានៃជំងឺនេះនៅផ្ទះ។ បន្ទាប់ពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ លោក Boris Johnson បានចេញពីមន្ទីរពេទ្យនៅថ្ងៃទី ១២ ខែមេសា។

ទី៤. ព្រះអង្គម្ចាស់ឆាល 

ព្រះអង្គម្ចាស់ឆាល ដែលជាអ្នកស្នងរាជ្យបន្តពីចក្រភពអង់គ្លេស បានបញ្ចប់ភាពឯកោ (ចត្តាឡីស័ក) នៅឯគេហដ្ឋានក្នុងប្រទេសស្កុតលែន ជាមួយនឹងភរិយារបស់ព្រះអង្គ បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានវិរុសកូវីដ ១៩ ក្នុងខែមីនា ប៉ុន្មានថ្ងៃក្រោយមកព្រះអង្គម្ចាស់បានទទួលជ័យជំនះពីសមរភូមិផ្ទាល់ខ្លួនរបស់ព្រះអង្គជាមួយនឹងរោគាពាធ។

ទី៥. លោក Alexander Lukashenko

នៅចុងខែកក្កដាប្រធានាធិបតីបេឡារុស្ស គឺលោក Alexander Lukashenko បានប្រកាសថា លោកមានទំរង់ដែលគេហៅថា មិនលេចរោគសញ្ញា នៃជំងឺកូវីដ១៩ ដោយបន្ថែមថាគាត់អាចទ្រាំទ្រនឹងជំងឺ“ នៅលើប្រអប់ជើង” ។

យោងតាមអង្គការសុខភាពពិភពលោកឱ្យដឹងថា គិតត្រឹមថ្ងៃទី ២ ខែតុលា យ៉ាងហោចណាស់មានករណីចំនួន ៣៤.០៧៩.៥៤២ ដែលត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគកូវីដ១៩ ហើយមានអ្នកស្លាប់ ១.០១៥.៩៦៣ នាក់នៅជុំវិញពិភពលោក៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top