បរទេស៖រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចោទប្រកាន់ប្រទេសតួកគីពីបទបង្កឲ្យមានអស្ថិរភាព នៅក្នុងតំបន់ និងធ្វើការងារប្រឆាំងចំពោះកិច្ចប្រឹងប្រែងបង្កើតសន្តិភាព និងបានអំពាវនាវ ឲ្យមានការដាក់សម្ពាធអន្តរជាតិ ដើម្បីនាំមកនូវការផ្លាស់ប្តូរក្នុងដំណើរប្រព្រឹត្តរបស់អំណាចណាតូ។
ផ្តល់សេចក្តីសង្ខេបប្រាប់ដល់អ្នកសារព័ត៌មានតំបន់ ឈូងសមុទ្រអារ៉ាប់ ក្រោយអ៊ីស្រាអែលបង្កើតចំណងមិត្តភាពជាមួយសហភាពអារ៉ាប់រួមនិងបារ៉ែននោះ លោករដ្ឋមន្ត្រីការពារជាតិ Benny Gantz បានពិពណ៌នា ប្រទេសតួកគីនិងអ៊ីរ៉ង់ថាកំពុង បដិសេធច្រានចោលនូវការលើកកម្ពស់សន្តិភាព និងកំពុងតែគាំទ្រ ដល់ភាពគឃ្លើនក្នុងតំបន់។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវចម្បង របស់អ៊ីស្រាអែល និងប្រទេសតួកគី បានធ្វើការរិះគន់កិច្ចព្រមព្រៀងធ្វើចំណងមិត្តភាពឲ្យមាន ភាពប្រក្រតីឡើងវិញ សម្របសម្រួលដោយអាមេរិកកាលពីថ្ងៃទី១៥ ខែកញ្ញា រវាងអ៊ីស្រាអែល និងមហាអំណាចតំបន់ឈូងសមុទ្រ ដោយមើលឃើញថា ជាការក្បត់ចំពោះបុព្វហេតុប៉ាឡេស្ទីន៕ប្រែសម្រួល៖ប៉ាង កុង