ព័ត៌មានអន្តរជាតិ

លោក ត្រាំ មានបំណងចូលរួម ក្នុងកិច្ចតស៊ូមតិ លើកក្រោយជាមួយ លោក Biden

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យយុទ្ធនាការបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅតែគ្រោងនឹងចូលរួម ក្នុងកិច្ចតស៊ូមតិ ប្រធានាធិបតីបន្ទាប់ជាមួយនឹងលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យនៅទីក្រុង Miami រដ្ឋ Florida នៅខែក្រោយនេះ។

ប្រធានផ្នែកទំនាក់ទំនងរបស់លោក ត្រាំ ឆ្នាំ២០២០ គឺលោក Tim Murtaugh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបន្ទាប់ពីលោក ត្រាំ បានសរសេរថា លោកកំពុងចាកចេញពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed នៅ Bethesda រដ្ឋ Maryland ជាទីដែលលោកស្នាក់នៅរយៈពេល ៣ ថ្ងៃ ដើម្បីព្យាបាលការឆ្លងមេរោគកូវីដ-១៩។

លោកប្រធានាធិបតីបានវិលត្រឡប់ទៅកាន់ សេតវិមានវិញដែលនៅទីនោះលោកនៅតែបន្តទទួលការមើលថែ និងតាមដានសុខភាពជាប្រចាំ ពីគ្រូពេទ្យ និងក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា។

នៅក្នុងសារដែលបានផ្សាយនៅមុនថ្ងៃនោះលោក ត្រាំ បានលើកឡើងថា លោកនឹងវិលត្រឡប់ទៅរកយុទ្ធនាការឆាប់ៗនេះហើយបានឲ្យដឹងនៅតាម ប្រព័ន្ធផ្សព្វផ្សាយ ដែលបានរាយការណ៍អំពីការស្ទង់មតិ ដែលបង្ហាញថា លោកនៅពីក្រោយលោក Biden៕

Most Popular

To Top