បរទេស៖ the Sun នៃចក្រភពអង់គ្លេស នៅថ្ងៃពុធ ទី៧ ខែតុលានេះ បានចេញផ្សាយថា មានការប្រទះឃើញ បំណែកយន្តហោះមួយ នៅឯឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី កំពុងក្លាយទៅជាព័ត៌មាន គួរឲ្យសង្ស័យ ថាវាគឺជាផ្នែកមួយ នៃយន្តហោះ MH370 ដែលបានបាត់ខ្លួនយ៉ាងចម្លែក កាលពី៦ឆ្នាំមុន។
បំណែកនេះ ត្រូវបានគេប្រទះឃើញត្រង់ចំណុចឆ្នេរ ក្បែរទីក្រុង Cape នៃរដ្ឋឃ្វីលឡែន ខាងជើងប្រទេសអូស្ត្រាលី ដោយបុរសដែលរស់នៅក្នុងតំបន់ម្នាក់ មានឈ្មោះថា Mick Elcoate ។ គាត់បាននិយាយថា ដំបូងគាត់គិតថា គ្រាន់តែជាបំណែកទូកជ័រធម្មតា ប៉ុន្តែដល់ពិនិត្យឲ្យច្បាស់ទៅ ទើបឃើញថាមានរូបរាងស្រដៀងទៅនឹងស្លាប របស់យន្តហោះ ហើយកប់នៅក្នុងខ្សាច់។
ក្រុមអ្នកជំនាញក្នុងតំបន់ ដែលបានធ្វើដំណើរទៅដល់ទីតាំង និងពិនិត្យមើលបំណែកនោះ បានបង្ហើបថា វាមើលទៅមិនដូចជា បំណែករបស់យន្តហោះ MH370 នោះឡើយ ដោយសារតែមានពណ៌ខុសគ្នា ហើយបើមើលទៅផែនទី នៃការហោះហើររបស់ MH370 ដែលបានបាត់ខ្លួន កាលពី៦ឆ្នាំមុននោះ គឺមានចំងាយឆ្ងាយបំផុតពីកន្លែងនេះ៕
ប្រែសម្រួល៖ស៊ុនលី