បរទេស ៖ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ តទៅអ៊ីតាលីនឹងត្រូវ ចាប់ផ្តើមអនុវត្តិវិធានការ ប្រឆាំងកូវីដ១៩សាជាថ្មី ដែលរួមមានទាំងការប្រើម៉ាសមុខ នៅគ្រប់ទីកន្លែងជាចាំបាច់ ក្នុងគោលបំណង ដើម្បីទប់ស្កាត់និន្នាការកើនឡើង នៃការឆ្លងបន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ការសម្រេចចិត្តនេះ ត្រូវបានប្រកាសនៅថ្ងៃពុធ ដោយនាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បន្ទាប់ពីកិច្ចប្រជុំមួយ ដែលគណៈរដ្ឋមន្រ្តីបានអនុម័តក្រឹត្យ ជាក់លាក់មួយ ដែលនឹងរក្សាច្បាប់បែបនេះ ឱ្យមានសុពលភាពដដែល រហូតដល់ថ្ងៃទី ៣១ ខែតុលាយ៉ាងហោចណាស់។
យោងតាមទិន្ន័យចុងក្រោយ របស់ក្រសួងសុខាភិបាល បានអោយដឹងថាក្រឹត្យនេះ បានធ្វើឡើងនៅក្នុងពេលមានការឆ្លងថ្មី នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់ ៦២ ៥៧៦ គិតត្រឹមថ្ងៃពុធពីចំនួនត្រឹមតែ ១២ ៧០០ តាំងតែពីថ្ងៃទី ៦ ខែសីហាកន្លងមក ។ ចំនួននៃការកើនឡើងបានធ្វើឲ្យតួលេខឆ្លង សរុបក្នុងប្រទេសមានទៅដល់ ៣៣៣ ៩៤០ នាក់ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន២៣៥ ៣០៣ នាក់និងអ្នកស្លាប់ចំនួន ៣៦ ០៦១ នាក់។
ទន្ទឹមគ្នានឹងនេះដែរអ៊ីតាលី ក៏បានប្រកាសអំពីការរឹតត្បិតនេះ ហើយគណៈរដ្ឋមន្រ្តីបានសម្រេចចិត្តពន្យារពេល នៃការដាក់ប្រកាសក្នុងគ្រាអាសន្ន រហូតទៅដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី