បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បាននិយាយនៅថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយកងទ័ពនៅអាហ្វហ្គានីស្ថានរបស់ខ្លួន ឲ្យនៅចំនួន២.៥០០នាក់ នៅដើមឆ្នាំក្រោយនេះ ផ្តល់សេចក្តីលម្អិតកាន់តែច្បាស់ ស្តីពីទំហំនៃការដកកងទ័ព ចេញពីសង្គ្រាមដ៏យូរ បំផុតរបស់អាមេរិក។
នៅក្នុងកម្មវិធីមួយ នៅសាកលវិទ្យាល័យ University of Nevada រដ្ឋ Las Vegas លោក Robert O’Brien បាននិយាយថា “នៅពេលលោកប្រធានាធិបតី ត្រាំ ឡើងកាន់តំណែង មានកងទ័ពអាមេរិក ចំនួនជាង១០.០០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅក្នុងពេលបច្ចុប្បន្ននេះ មានចំនួនក្រោម៥.០០០នាក់ ហើយនោះនឹងចុះនៅ២.៥០០នាក់ នៅដើមឆ្នាំក្រោយ” ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏សំខាន់មួយ រវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់ ក្នុងខែកុម្ភៈនិយាយថា កងកម្លាំងបរទេសនឹងចាកចេញពីអាហ្វហ្គានីស្ថាន នៅត្រឹមខែឧសភា ឆ្នាំ២០២១ ដើម្បីជាថ្នូរសម្រាប់ការធានាប្រឆាំងអំពើភេរវកម្ម ពីពួកតាលីបង់ ដែលបានយល់ព្រមធ្វើការចរចា អំពីបទឈប់បាញ់គ្នាអចិន្ត្រៃយ៍ និងរូបមន្តចែករំលែកអំណាច ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ៕
ប្រែសម្រួល៖ប៉ាង កុង