ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន និយាយចង់ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាព ជាមួយកូរ៉េខាងជើង

បរទេស ៖ នៅក្នុងសារអបអរសាទរផ្ញើជូនលោក គីម ជុងអ៊ុន សម្រាប់គម្រប់ខួបបង្កើតបក្សពលករកូរ៉េ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកចង់ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពជាមួយទីក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់សម្តីលោក ស៊ី ជីនពីងថា “យើងមានបំណងចង់ការពារយ៉ាងជោគជ័យ ពង្រឹងនិងអភិវឌ្ឍចំណងមិត្តភាពចិន-កូរ៉េ រួមជាមួយសមមិត្តនិងប្រជាជនកូរ៉េ ជំរុញការអភិវឌ្ឍបុព្វហេតុសង្គមនិយមដ៏យូរអង្វែង ស្ថិតថេររបស់ប្រទេសទាំងពីរ”។

គួរបញ្ជាក់ថា ថ្ងៃសៅរ៍នេះ គឺជាគម្រប់ខួបលើកទី៧៥ នៃការបង្កើតបក្សពលករកូរ៉េ ហើយព្រឹត្តិការណ៍នានា ត្រូវបានគេរំពឹងនឹងរួមបញ្ចូល ជាមួយព្យុហយាត្រាយោធាដ៏ធំមួយ ដែលមានទំាងមីស៊ីលផ្លោង វាយប្រហារក្នុងចម្ងាយឆ្ងាយខ្លះៗ របស់កូរ៉េខាងជើង សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៨មក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top