បរទេស ៖ ថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារ អវកាសប្រទេសទាំង៧ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានសហប្រតិបត្តិការ អន្តរជាតិ កាន់តែខ្លាំង លើកិច្ចប្រឹងប្រែងស្តីពីអវកាស នៅក្នុងអំឡុងសន្និសីទ តាមអនឡាញមួយ នៅថ្ងៃចន្ទនេះ ហើយពួកគេបានលើកឡើងពីបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឆ្លងមេរោគ កូរ៉ូណា ថាជារឿងដែលកិច្ចសហការគ្នា អាចបញ្ចប់វាបាន។
លោក Lisa Campbell ជាប្រធានទីភ្នាក់ងារអវកាសកាណាដា បាននិយាយដូច្នេះថា “ខ្ញុំចង់ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ដៃគូអន្តរជាតិ និងផ្លាស់ប្តូរគ្នានូវការអនុវត្តដ៏ល្អបំផុត។ យើងចំាបាច់ត្រូវតែធ្វើរឿងនេះ រួមគ្នាដើម្បីឲ្យប្រាកដថា ផលប្រយោជន៍បានត្រឡប់មកផែនដីវិញ ដើម្បីដោះស្រាយភាពលំបាក សម្រាប់ជំនាន់ក្រោយ”។
គួរបញ្ជាក់ថា លោក Lisa Campbell ត្រូវបានចូលរួមដោយប្រធាន ទីភ្នាក់ងារអវកាស នៅសហរដ្ឋអាមេរិក អឺរ៉ុប ចិន រុស្ស៊ី ជប៉ុន និងឥណ្ឌា នៅក្នុងសន្និសីទអវកាសអន្តរជាតិលើកទី៧១ ដែលធ្វើជាម្ចាស់ផ្ទះដោយសហព័ន្ធ អវកាសអន្តរជាតិមានមូលដ្ឋាន នៅក្នុងទីក្រុងប៉ារីស៕
ប្រែសម្រួល៖ប៉ាង កុង







