សាន់ហ្វ្រាន់ស៊ីស្កូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Apple បានដាក់បង្ហាញផលិតផល ជំនាន់ថ្មី គឺ iPhone 12 ដែលមានសមត្ថភាពខ្ពស់អាច ភ្ជាប់អ៊ីនធើរណេតល្បឿនលឿន 5G សម្រាប់ក្រុង Cupertino និង California ហើយក្រុមហ៊ុនសង្ឃឹមថា នឹងបន្តអភិវឌ្ឍន៍ និងរក្សាការលក់របស់ខ្លួនឲ្យបានច្រើនឡើងរហូតដល់ចុងឆ្នាំនេះ ។
ចំណុចពិសេសនៃទូរទស័ព្ទ iPhone 12 មានអេក្រង់៦,១អ៊ីង មានពណ៌ចម្រុះ តម្លៃនៅលើទីផ្សារសិង្ហបុរី គឺចាប់ពី១.២៩៩ដុល្លារក្នុង១គ្រឿង ។ សម្រាប់ទូរសព័្ធ iPhone 12 mini មានអេក្រង់ ៥,៤អ៊ីង នឹងមានតម្លៃទាប ចាប់ពី១.១៤៩ដុល្លារក្នុង១គ្រឿង ។
អ្វីកាន់តែពិសេសនោះគឺថា ទាំង iPhone 12 និង iPhone 12 mini នឹងមានទំហំផ្ទុកដល់ទៅ៦៤ជីហ្គាបៃ, ១២៨ជីហ្គាបៃ និង២៥៦ជីហ្គាបៃ ដែលមានពណ៌ខៀវ បៃតង ខ្មៅ ពណ៌ស និងក្រហម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា