បរទេស ៖ ប្រទេសបារាំងនិងអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់ប្រទេសតួកគី ពីបទបន្តបង្កហេតុដលសហភាពអឺរ៉ុប ដោយទង្វើរបស់ខ្លួននៅសមុទ្រ មេឌីទែរ៉ានេភាគខាងកើត និងបានទុកពេលឲ្យតួកគី មួយសប្ដាហ៍ ក្នុងការបញ្ជាក់អំពីគោលជំហររបស់ខ្លួន ។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយប្រាប់សន្និសីទកាសែតមួយរួមជាមួយ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់និងប៉ូឡូញដូច្នេះថា “វាច្បាស់ណាស់ចំពោះយើង ដែលថា ប្រទេសតួកគីកំពុងតែធ្វើការ បង្កហេតុជាអចិន្ត្រៃយ៍ ដែលមិនអាចទទួលយកបាននោះទេ” ។
ចំណែករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយប្រាប់ថា ការសម្រេចចិត្តរបស់ប្រទេសតួកគី បញ្ជូននាវាត្រឡប់ ទៅសមុទ្រមេឌីទែរ៉ានេ គឺជារឿងមិនអាចទទួលយកបាននោះទេ។
គួរបញ្ជាក់ថា ប្រទេសតួកគី បានដកនាវាចេញពីសមុទ្រមេឌីទែរ៉ានេ កាលពីខែមុន នៅមុនពេលជំនួបកំពូល របស់សហភាពអឺរ៉ុប ដែលលើកពិភាក្សាគ្នាអំពីទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្តែតួកគីបានបញ្ជូននាវានោះត្រឡប់ទៅវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង