បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានស្នើឡើងថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក គួរតែបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ News START ដែលនឹងត្រូវផុតកំណត់ នៅក្នុងខែកុម្ភៈឆ្នាំក្រោយ យ៉ាងហោចណាស់រយៈពេលមួយឆ្នាំ ដោយគ្មានការដាក់លក្ខខណ្ឌណាមួយទេ។
សន្ធិសញ្ញា (កាត់បន្ថយអាវុធយុទ្ធសាស្ត្រ) News START ដែលចុះហត្ថលេខាក្នុងឆ្នាំ២០១០នោះ មានការកំណត់កម្រិត ចំនួនក្បាលគ្រាប់នុយក្លេអ៊ែយុទ្ធសាស្ត្រ មីស៊ីលនិងយន្តហោះទម្លាក់គ្រាប់ ដែលរុស្ស៊ី និងសហរដ្ឋអាមេរិក អាចដាក់ពង្រាយប្រើបាន។
ថ្លែងនៅក្នុងកិច្ចប្រជុំវីដេអូខល ជាមួយក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ីនោះ លោក ពូទីន បានមានប្រសាសន៍ថា សន្ធិសញ្ញាបានដំណើរការ យ៉ាងមានប្រសិទ្ធភាព រហូតដល់ពេលបច្ចុប្បន្ននេះ ហើយវានឹងជារឿង ដ៏គួរឲ្យក្រៀមក្រំក្រៃលែង ប្រសិនបើវានឹងត្រូវបានបញ្ឈប់៕ ប្រែសម្រួល៖ប៉ាង កុង

