បរទេស៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga អមដំណើរដោយភរិយារបស់លោក នឹងចាប់ផ្តើមធ្វើទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ។ ក្រសួងការបរទេសវៀតណាម ក៏បានប្រកាសនៅថ្ងៃសុក្រដែរថា លោក Suga នឹងជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោកង្វៀន ស៊ុកហ្វុក និងមេដឹកនាំរដ្ឋាភិបាលផ្សេងទៀត។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Suga ក៏នឹងជួបជាមួយ អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោកង្វៀន ភូត្រុង និងប្រធានរដ្ឋសភាលោកស្រី ង្វៀនធី គីមងាន់ ផងដែរ។
ប្រទេសវៀតណាម គឺជាគោលដៅក្រៅប្រទេសដំបូងបង្អស់ របស់នាយករដ្ឋមន្រ្តីជប៉ុន ដែលទើបតែងតាំងថ្មី។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចរបស់លោក Yoshihide Suga នាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងចំពេល ដែលទំនាក់ទំនងវៀតណាម – ជប៉ុនកំពុងមានការរីកចម្រើន។
លោកស្រីបាននិយាយថា ប្រទេសជប៉ុន នៅតែបន្តធ្វើជាដៃគូសេដ្ឋកិច្ច ដ៏សំខាន់បំផុតរបស់វៀតណាម រួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ។ ជប៉ុនក៏ជាវិនិយោគិនធំទី ២ របស់វៀតណាម និងជាដៃគូពាណិជ្ជកម្មធំទី ៤ ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា