ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ ជប៉ុនដកខ្លួនចេញ ពីផែនការ របស់អាមេរិក ដកក្រុមហ៊ុនចិន ចេញពីបណ្តាញ ទូរគមនាគមន៍

តូក្យូ ៖ បើតាមការចេញផ្សាយ របស់សារព័ត៌មាន Yomiuri ដោយដកស្រង់ប្រភពជាច្រើនថា ប្រទេសជប៉ុន បានប្រាប់សហរដ្ឋអាមេរិកថា ទីក្រុងតូក្យូនឹងមិនចូលរួមក្នុងផែនការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដកហូតក្រុមហ៊ុនចិន ចេញពីបណ្តាញទូរគមនាគមន៍ឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កាសែតនេះបានបន្តថា ប្រទេសជប៉ុន នឹងចាត់វិធានការផ្ទាល់ខ្លួន ដើម្បីឆ្លើយតបក្នុងករណី មានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ ខណៈទីក្រុងតូក្យូនឹងសហការ ជាមួយសហរដ្ឋអាមេរិក។ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានចេញផ្សាយ កាលពីខែសីហានូវការអាប់ដេត នៃផែនការមួយ ដែលមាន ឈ្មោះថា “ បណ្តាញស្អាត” អំពាវនាវឲ្យក្រុមហ៊ុន ទូរគមនាគមន៍ អ្នកផ្តល់សេវា Cloud និងកម្មវិធីទូរស័ព្ទចល័ត ដែលមានដើមកំណើតចិន ត្រូវរក្សាទុកនៅសហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិកកំពុងជំរុញ សម្ព័ន្ធមិត្ត ដើម្បីរារាំងក្រុមហ៊ុន Huawei ពីបណ្តាញទូរស័ព្ទចល័ត 5G ជំនាន់ថ្មីដោយឈរលើមូលដ្ឋានសន្តិសុខ ។ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងអំពីផែនការ បណ្តាញស្អាត នៅពេលលោកបានជួបជាមួយរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន Toshimitsu Motegi នៅទីក្រុងតូក្យូ កាលពីដើមខែនេះ ។

បើយោងតាមរបាយការណ៍ថា ប្រទេសជប៉ុនបានប្រាប់សហរដ្ឋអាមេរិកថា ទីក្រុងតូក្យូមិនអាចចូលរួម ក្នុងក្របខណ្ឌមិនរាប់បញ្ចូលប្រទេស ជាក់លាក់ណាមួយនោះទេ ប៉ុន្តែនឹងពិចារណាឡើងវិញ ប្រសិនបើមានការផ្លាស់ប្តូរ ចំពោះផែនការសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ៕ដោយ៖លី ភីលីព

Most Popular

To Top