បរទេស៖សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានគម្រាមដាក់ទណ្ឌកម្មលើបុគ្គលឬក៏អង្គភាពណាមួយ ដែលរួមចំណែកចំពោះកម្មវិធីអាវុធធម្មតារបស់ប្រទេសអ៊ីរ៉ង់ ទន្ទឹងនឹងការបដិសេធចំពោះ ការផុតកំណត់នៃបម្រាមអាវុធអង្គការ សហប្រជាជាតិ ដែលដាក់លើទីក្រុងតេអេរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចេញការគម្រាមមួយថា សហរដ្ឋអាមេរិក បានត្រៀមរៀបចំប្រើប្រាស់អំណាចក្នុងស្រុក ដើម្បីដាក់ទណ្ឌកម្មបុគ្គល ឬក៏អង្គភាពណាមួយ ដែលរួមចំណែកជាសម្ភារៈផ្គត់ផ្គង់ លក់ ឬក៏ផ្ទេរអាវុធទៅឲ្យ ឬក៏យកពីប្រទេសអ៊ីរ៉ង់ ក៏ដូចជាអ្នកទាំងឡាយណា ដែលផ្តល់ការហ្វឹកហាត់បច្ចេកទេស ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងសេវាកម្ម និងការជួយផ្សេងទៀតពាក់ព័ន្ធនឹងអាវុធទាំងនេះ។
គួរបញ្ជាក់ថា បម្រាមអាវុធមានរយៈពេលមួយទសវត្ស ជាផ្នែកនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញ នៅក្នុងឆ្នាំ២០១៨នោះ បានផុតកំណត់នៅថ្ងៃអាទិត្យ បើទោះជាមានការប្រឹងប្រែងពីអាមេរិក ឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តដាក់វាក៏ដោយ៕ប្រែសម្រួល៖ប៉ាង កុង