បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងតួក្យូជំទាស់ ចំពោះវិធានការណាមួយ ដែលបង្កឲ្យភាពតានតឹង កើនឡើង នៅដែនសមុទ្រចិនខាងត្បូង និងថា ជម្លោះគួរតែត្រូវបានដោះស្រាយគ្នា តាមរយៈមធ្យោបាយសន្តិវិធី ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសុន្ទរកថា មួយរបស់លោកនៅក្នុងទីក្រុងហាណូយ លោក Yoshihide Suga បានមានប្រសាសន៍ដូច្នេះថា “ប្រទេសជប៉ុនជំទាស់ ប្រឆាំងយ៉ាងខ្លំាងក្លា ចំពោះទង្វើណាមួយ ដែលបង្កឲ្យតានតឹងកើនឡើង នៅដែនសមុទ្រចិនខាងត្បូង”។
“ចំពោះបញ្ហានៅដែនសមុទ្រចិន ខាងត្បូង វាមានសារៈសំខាន់ណាស់ ដែលប្រទេសពាក់ព័ន្ធទាំងអស់ មិនត្រូវពឹងផ្អែកលើកម្លាំង ឬក៏ការគម្រាមកំហែង ប៉ុន្តែត្រូវធ្វើការងារឆ្ពោះទៅរកដំណោះស្រាយ ប្រកបដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ”។
គួរបញ្ជាក់ថា ប្រទេសវៀតណាម និងប្រទេសសមាជិក អាស៊ានមួយចំនួនផ្សេងទៀត បានមានជម្លោះទឹកដីជាំមួយប្រទេសចិន នៅផ្លូវទឹកដែនសមុទ្រចិនខាងត្បូង៕
ប្រែសម្រួល៖ប៉ាង កុង