ព័ត៌មានអន្តរជាតិ

ពលរដ្ឋកូរ៉េខាងជើង ស៊ូទ្រាំនឹងស្ថានភាព ឃោរឃៅនៅមន្ទីរ ឃុំខ្លួនមុនកាត់ក្តី

បរទេស ៖ យោងតាមសេចក្តីរាយការណ៍មួយ ចេញដោយអង្គការឃ្លាំមើល សិទ្ធិមនុស្សមានមូលដ្ឋាន នៅទីក្រុងញូយ៉កនាថ្ងៃចន្ទនេះ បានឲ្យដឹងថា ពលរដ្ឋកូរ៉េខាងជើង ដែលត្រូវនាំទៅនៅមន្ទីរ ឃុំខ្លួនដើម្បីស៊ើបអង្កេតនិងរង់ចាំការកាត់ក្តីនោះ បានប្រឈមមុខនឹងការធ្វើពលកម្ម គ្មានប្រាក់កម្រៃ ការវាយដំរាងកាយ ការរំលោភបំពានផ្លូវភេទ ការធ្វើទារុណកម្ម និងស្ថានភាពថោកទាបនានា។

របាយការណ៍ ដែលមានចំណងជើងថា “តម្លៃថោកជាងសត្វ ការរំលោភបំពាន និងការបំពាននីតិវិធី ក្នុងមន្ទីរឃុំខ្លួនមុនកាត់ក្តីនៅកូរ៉េខាងជើង” នោះ គឺផ្អែកលើការសម្ភាសន៍ ជាមួយជនជាតិកូរ៉េខាងជើង នៅក្រៅប្រទេស៤៦នាក់ ដែលរួមមានទាំង អតីតមន្ត្រីចមនួន៨នាក់ និងបុគ្គលដែលធ្លាក់ នៅក្នុងមន្ទីរឃុំខ្លួននោះចំនួន២២នាក់ផង។

នៅក្នុងពិធីសន្និសីទកាសែតតាមអនឡាញ ស្តីពីរបាយការណ៍ដែលចេញនៅថ្ងៃចន្ទនេះ លោក Phil Robertson ជាអនុប្រធាន នៃអង្គភាពនៅអាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា “អ្វីដែលយើងបានរកឃើញ នោះគឺថា ប្រជាជនមានហេតុផល ដ៏សមរម្យមួយ ចំពោះការភ័យខ្លាច ចំពោះការឃុំខ្លួនមុនកាត់ក្តី” ៕

Most Popular

To Top