ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងអាមេរិក គ្រោងធ្វើកិច្ចព្រមព្រៀងយោធា ស្តីពីទិន្នន័យផ្កាយរណប ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោក Pompeo

បរទេស ៖ ប្រទេសឥណ្ឌា កំពុងតែបោះជំហានចូល ទៅជិតកិច្ចព្រមព្រៀងមួយជាមួយ សហរដ្ឋអាមេរិក ដែលនឹងផ្តល់ឲ្យប្រទេសនេះ ចូលប្រើទិន្នន័យផ្កាយរណប សម្រាប់ការវាយប្រហារ ចំគោលដៅកាន់តែត្រង់ឡើង របស់មីស៊ីលនិងកូនដ្រូន ស្របពេលដែលខ្លួនព្យាយាម ធ្វើឲ្យមានគម្លាតថយចុះ ជាមួយអំណាចយោធាចិន ។

ភាគីទាំងពីរ តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងប្រកាសកិច្ចព្រមព្រៀងនោះ នៅក្នុងអំឡុងដំណើរទស្សនកិច្ចសប្ដាហ៍ក្រោយរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិ លោក Mark Esper សម្រាប់កិច្ចពិភាក្សាគ្នានៅក្នុងទីក្រុងញូដេលី ជាមួយសមភាគីឥណ្ឌា គឺលោក Subrahmanyam Jaishankar និងលោក Rajnath Singh។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលសប្ដាហ៍នេះ បានប្រឆាំងនឹងទីក្រុងប៉េកាំង ដោយការអនុម័តយល់ព្រមលក់ប្រព័ន្ធអាវុធចំនួន៣ឲ្យកោះតៃវ៉ាន់នោះ ក៏កំពុងតែជំរុញឲ្យមានចំណងសន្តិសុខកាន់តែរឹងមាំ ជាមួយប្រទេសឥណ្ឌា ដើម្បីជួយរក្សាតុល្យភាពឥទ្ធិពលក្នុងតំបន់ដែលកំពុងតែកើនឡើងរបស់ចិនផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top