បរទេស៖ប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រនេះបានចុះបញ្ជីខ្មៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ និងមន្ត្រីការទូតពីររូបផ្សេងទៀត បន្ទាំប់ពីមានទង្វើស្រដៀងគ្នានេះពីសហរដ្ឋអាមេរិក ទៅលើប្រេសិតរបស់អ៊ីរ៉ង់ប្រចាំនៅទីក្រុងបាដាដ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។
មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍លើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ លោក Matthew Tueller មានតួនាទីកណ្ដាល ក្នុងការសម្របសម្រួលទង្វើភេរវកម្មក្នុងប្រទេសអ៊ីរ៉ង់និងក្រៅពីនោះ ក្នុងដំណើរធ្វើឃាតលោកឧត្តមសេនីយ៍ Soleimani។ នៅក្នុងថ្ងៃនេះ ប្រទេសអ៊ីរ៉ង់បានចុះបញ្ជីខ្មៅលោកនិងមន្ត្រីពីររូបផ្សេងទៀត ដែលពាក់ព័ន្ធ”។
គួរបញ្ជាក់ថា ក្រោយមួយថ្ងៃបន្ទាប់ពីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ថ្កោលទោសអ៊ីរ៉ង់ពីបទធ្វើយុទ្ធនាការតាមអ៊ីម៉ែលមួយ ក្នុងគោលបំណងបំភ័យអ្នកបោះឆ្នោតលទ្ធិប្រជាធិបតេយ្យនោះ រដ្ឋបាលលោក ត្រាំ បានចុះបញ្ជីខ្មៅអង្គភាពអ៊ីរ៉ង់ចំនួន៥ ដែលរួមមានទាំងកងកម្លាំងការពារបដិវត្តន៍ឥស្លាមផងនោះ ពីបទជ្រៀតជ្រែកក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង