បរទេស៖ ទីក្រុងវ៉ាស៊ីនតោន តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើវិទ្យាស្ថានស្រាវជ្រាវរបស់រុស្ស៊ី ដែលមានជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍ ផលិតកម្មវិធីកុំព្យូទ័រដ៏គ្រោះថ្នាក់ មានសមត្ថភាពអាចបង្កការខូចខាត ធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្ម តែការដាក់ទណ្ឌកម្មនេះត្រូវរុស្ស៊ីហៅថា ជាទង្វើមិនស្របច្បាប់។
ក្រសួងរតនាគារអាមេរិក បានចោទថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកណ្ដាលផ្នែកសារធាតុគីមី និងមេកានិកគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី គឺត្រូវទទួលខុសត្រូវ ចំពោះការបង្កើតកម្មវិធីដែលបានធ្វើឲ្យអាចមានការវាយប្រហារ លើអគារតេលសិលាគីមីមួយកន្លែងនៅតំបន់មជ្ឈិមបូព៌ា ក្នុងឆ្នាំ២០១៧។
ចំណែកអ្នកវិភាគនានា បានមើលឃើញសកម្មភាពដាក់ទណ្ឌកម្មនោះ ថាជាការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះមហាអំណាចជាសត្រូវនឹងខ្លួន មិនឲ្យជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោតរបស់អាមេរិក ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ៕
ប្រែសម្រួល៖ប៉ាង កុង