បរទេស៖ សហភាពអារ៉ាប់រួម បានសម្តែងការស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់ប្រទេសស៊ូដង់ ចាប់ផ្តើមបង្កើតចំណងមិត្តភាពផ្លូវការជាមួយអ៊ីស្រាអែល នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន WAM ដែលសម្អាងដល់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមួយ។
ក្រសួងការបរទេសសហភាពអារ៉ាប់រួម បានបន្ថែមថា ការសម្រេចចិត្តរបស់ស៊ូដង់ គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីជំរុញបង្កើនសន្តិសុខនិងវិបុលភាពនៅក្នុងតំបន់ ហើយនឹងពង្រីកវិសាលភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងការទូត។
គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសអ៊ីស្រាអែល និងប្រទេសស៊ូដង់ នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាបង្កើតចំណងមិត្តភាពផ្លូវការ ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង