ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ ទំនើប B-1B ធ្វើដំណើរដល់កោះហ្គាម ដើម្បីចូលរួមសមយុទ្ធ

បរទេស៖ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រដ៏ទំនើបរបស់សហរដ្ឋអាមេរិក B-1B ចំនួន៤គ្រឿង តាមសេចក្តីរាយការណ៍ បានហោះចេញពីរដ្ឋតិកសាសនៅក្នុងសប្ដាហ៍នេះ និងបានមកដល់កោះហ្គាម ដើម្បីចូលរួមក្នុងសមយុទ្ធហ្វឹកហាត់ យន្តហោះទម្លាក់គ្រាប់ ជាមួយសម្ពន្ធមិត្តដៃគូ។ 

កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការប្រកាសថា យន្តហោះទម្លាក់គ្រាប់ B-1B Lancer និងអាកាសយានិកប្រមាណ២០០នាក់ របស់កងទម្លាក់គ្រាប់លេខ៩របស់របស់ទ័ពអាកាស បានធ្វើដំណើរចាកចេញ ពីមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិកសាស ហើយមកដល់មូលដ្ឋានទ័ពអាកាស Andersen នៅលើកោះហ្គាម នាថ្ងៃអង្គារសប្ដាហ៍នេះ។ 

យោងតាមសេចក្តីរាយការណ៍ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអាកាសអាមេរិកបាននិយាយថា នៅតាមផ្លូវធ្វើដំណើរ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រទាំងនោះ បានចូលរួមជាមួយយន្តហោះចម្បាំង F-15 ចំនួន១៦គ្រឿង និងយន្តហោះ F-2  ពីរគ្រឿង មកពីកងកម្លាំងការពារដែនអាកាសជប៉ុន សម្រាប់ការហ្វឹកហាត់នៅលើសមុទ្រជប៉ុន៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top