ចិន ៖ សារព័ត៌មាន Financial Times បានរាយការណ៍ឲ្យដឹងថា អ្នកប្រើប្រាស់ TikTok នឹងអាចទិញទំនិញ បាននៅពេលពួកគេទាញ វីដេអូខ្លីៗ តាមរយៈកិច្ចព្រមព្រៀងថ្មី ជាមួយវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិច ឈ្មោះ Shopify យ៉ាងស្រួលជាមុនទៅទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
បើយោងតាមកាសែតដដែលថា សម្ព័ន្ធភាពនេះនឹងត្រូវដាក់បង្ហាញ នៅសហរដ្ឋអាមេរិកចាប់ពីសប្តាហ៍នេះ មុនពេលពង្រីកទៅអឺរ៉ុប និងអាស៊ីអាគ្នេយ៍នៅឆ្នាំក្រោយ។ លោក Blake Chandlee អនុប្រធានក្រុមហ៊ុន TikTok សម្រាប់ដំណោះស្រាយអាជីវកម្មសកល បាននិយាយថា ភាពជាដៃគូជាមួយ Shopify នឹងជួយឲ្យអាជីវករទទួលបានទស្សនិកជនថ្មីៗ និងជំរុញការលក់នៅលើ TikTok ។
លោក Satish Kanwar ជាប្រធានផ្នែក Shopify’s Channels បាននិយាយថា TikTok បានក្លាយជាការពេញនិយម យ៉ាងឆាប់រហ័សក្នុងចំណោម អ្នកលក់រាយដែលមានអ្នកទស្សនា ច្រើនបំផុត ។ យើងជឿជាក់ថា វីដេអូគឺជាទម្រង់នៃការទំនាក់ទំនងតាមអ៊ីនធើណេត នាពេលបច្ចុប្បន្ននេះ ហើយយើងពិតជាចង់ឃើញពីរបៀបដែលវីដេអូ និងពាណិជ្ជកម្មអាចពង្រីកបាន។
យោងតាមសារព័ត៌មាន Financial Times បានឲ្យដឹងថា Shopify គឺជាអ្នកទទួលផល ធំបំផុតមួយ នៃការរីកដុះដាលក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយភាគហ៊ុនរបស់វាស្ទើរ តែទ្វេដងគិតជាតម្លៃចាប់តាំងពីពាក់កណ្តាលខែមីនា ដែលផ្តល់ឲ្យវានូវមូលធនកម្ម ទីផ្សារជាង ១២៥ ពាន់លានដុល្លារ ៕ ដោយ៖លី ភីលីព