បរទេស៖ សមាជិកសភាមក ពីគណបក្សភឿថៃម្នាក់ បានអារដៃរបស់ខ្លួននៅក្នុងសភា អំឡុងពេលជជែកដេញដោល គ្នាអំពីការប្រមូលផ្តុំគ្នារបស់ និស្សិតកាលពីយប់ថ្ងៃអង្គារ ដោយនិយាយថា គាត់មិនចង់អោយនិស្សិតឈឺចាប់ទេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេលប្រជុំសភាពិសេស ដើម្បីពិភាក្សាអំពីដំណោះស្រាយជាតិ លោក Wisarn Techateerawat អាយុ ៦៤ ឆ្នាំ ដែលតំណាងឱ្យខេត្តឈៀងរ៉ៃ ភាគខាងជើងបានចែករំលែក ទស្សនៈរបស់លោក ចំពោះការប្រមូលផ្តុំនយោបាយ របស់និស្សិតដោយនិយាយថា លោកមិនចង់ឲ្យរដ្ឋាភិបាលឆ្លើយតប នឹងបាតុករដោយកម្លាំងបាននោះឡើយ។
គាត់បាននិយាយថា គាត់មិនដឹងថាត្រូវដោះស្រាយ បញ្ហានយោបាយទេ ប៉ុន្តែគាត់មិនចង់អោយយុវជនបង្ហូរឈាមទេ។ គាត់បាននិយាយថា គាត់ចង់បង្ហាញថាគាត់មាន ភាពម៉ឺងម៉ាត់ចំពោះបញ្ហានេះ។
បន្ទាប់មកគាត់បានដោះអាវចេញ ហើយទាញកាំបិតចិតផ្លែឈើ។ ប្រធានសភាគឺលោក Chuan Leekpai បានប្រាប់ថា គាត់នឹងមិនអនុញ្ញាតិ ឱ្យគាត់កាត់ដៃខ្លួនឯងទេ ប៉ុន្តែលោក Wisarn បានប្រើកាំបិតនោះ ឆូតដៃឆ្វេងបីដង ដែលធ្វើឱ្យសមាជិកសភា ដទៃទៀតមានការភ្ញាក់ផ្អើល៕
ប្រែសម្រួលៈ ណៃ តុលា