បរទេស៖ ប្រទេសអ៊ីរ៉ង់ បានចោទសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះថា ធ្វើសកម្មភាពដូចជា ចោរសមុទ្រការ៉ាបៀន ក្រោយទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនបានលក់ចោលប្រេងឆៅ របស់អ៊ីរ៉ង់ ដែលខ្លួនរឹបអូសបាន នៅតាមផ្លូវដឹកទៅកាន់ ប្រទេសវេណេស៊ុយអេឡា។
នៅលើបណ្ដាញសង្គមធ្វីតធ័រ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍ដូច្នេះថា “សមុទ្រនៅការ៉ាបៀន បានអួតអាងខ្លាំងៗដោយបើកចំហ អំពីសកម្មភាពលួចប្លន់របស់ពួកគេ ហើយគ្មានអ្នកណាម្នាក់ កោតសរសើរពីអរិយធម៌ អួតអាងនោះឡើយ”។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថា ខ្លួនទើបបានលក់ចោល នូវប្រេងអ៊ីរ៉ង់ដែលខ្លួន រឹបអូសបានពីមុនចំនួន១,១លានបារ៉ែល ដែលដឹកជញ្ជូន ឲ្យប្រទេសវេណេស៊ុយអេឡា ហើយនេះគឺជាសកម្មភាពដ៏ថ្មីបំផុត របស់រដ្ឋបាលលោក ត្រាំ ក្នុងការបង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់ នៅមុនពេលការបោះឆ្នោតអាមេរិក នាថ្ងៃទី០៣ ខែវិច្ឆិកា៕ ប្រែសម្រួល៖ប៉ាង កុង