ស៊ុយអែត ៖ អ្នកជំនាញបាននិយាយថា ការសម្រេចចិត្ត របស់ប្រទេសស៊ុយអែត ក្នុងការហាមឃាត់ក្រុមហ៊ុន ទូរគមនាគមន៍យក្សចិន Huawei និង ZTE ពីការដេញថ្លៃ 5G ដែលបានគ្រោងទុក គឺគ្មានមូលដ្ឋាន និងធ្វើឲ្យខូចដល់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាពិភពលោក ហើយនឹងពន្យារពេល ការដាក់ពង្រាយបណ្តាញ 5G នៅក្នុងទីផ្សារក្នុងស្រុក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
អាជ្ញាធរប្រៃសណីយ៍ និងទូរគមនាគមន៍ស៊ុយអែត បានហាមឃាត់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ពីក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE នៅក្នុងបណ្តាញ 5G របស់ខ្លួនមុនពេលការដេញថ្លៃវិសាលគម បានគ្រោងទុកនៅថ្ងៃទី ១០ ខែវិច្ឆិកា។ វាក៏បានជំរុញឲ្យក្រុមហ៊ុនដែលចូលរួម ក្នុងការដេញថ្លៃដកគ្រឿងបរិក្ខារក្រុមហ៊ុន Huawei និង ZTE ចេញពីហេដ្ឋារចនាសម្ព័ន្ធ និងមុខងារស្នូលរបស់ពួកគេនៅត្រឹមខែមករាឆ្នាំ ២០២៥ ។
លោក Xiang Ligang អគ្គនាយកសម្ព័ន្ធភាព អ្នកប្រើប្រាស់ព័ត៌មានវិទ្យា ដែលជាក្រុមគាំទ្រឧស្សាហកម្មទូរគមនាគមន៍ បានមានប្រសាសន៍ថា ការសម្រេចចិត្តនេះនឹងបង្កើន ថ្លៃដើមរបស់ប្រតិបត្តិករទូរគមនាគមន៍បន្ថយល្បឿននៃបណ្តាញ 5G នៅក្នុងប្រទេសស៊ុយអែត ហើយទីបំផុតរារាំងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ក្នុងស្រុក ។ វានឹងមិនមានអត្ថប្រយោជន៍ សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មសកលទេ ។
លោក Bai Ming អនុប្រធានស្រាវជ្រាវ ទីផ្សារអន្តរជាតិ នៃបណ្ឌិត្យសភាសហប្រតិបត្តិការអន្តរជាតិ និងសេដ្ឋកិច្ចចិនបាននិយាយថា ការហាមឃាត់ ក្រុមហ៊ុនផលិតទូរគមនាគមន៍ចិន ពីការចូលរួមណាមួយលើបណ្តាញ 5G នៅប្រទេសស៊ុយអែត គឺគ្មានមូលដ្ឋានទាំងស្រុង និងរំលោភលើគោលការណ៍ទីផ្សារ និងការប្រកួតប្រជែង ដោយយុត្តិធម៌៕ដោយ៖លី ភីលីព