វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីមួយ ដោយហេតុថាករណីជំងឺកូវីដ -១៩ ដែលមានរយៈពេលតែមួយថ្ងៃបានកើនឡើងដល់ជាង ១១ម៉ឺននាក់កាលពីថ្ងៃព្រហស្បតិ៍។
សរុបចំនួន ១១៧.៩៨៨ ករណីថ្មី និងអ្នកស្លាប់ថ្មី ១.១៣៥ នាក់ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍នេះបើយោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃសុក្រ។
ចំនួនថ្មីបានបំបែកកំណត់ត្រាមុនចំនួន ១០៦.៥៣៧ ករណីក្នុងមួយថ្ងៃនៅថ្ងៃពុធ។ ប្រទេសនេះបានបន្ថែមករណីចំនួនជាង ១០០.០០០ ករណីក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។
ការកើនឡើងនេះត្រូវបានអ្នកជំនាញព្យាករណ៍កាលពីប៉ុន្មានខែមុន។ នៅខែមិថុនា ដោយមានករណីប្រចាំថ្ងៃកើនឡើងដល់ ៤ម៉ឺនករណីលោក Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង បានព្រមានថា ប្រទេសនេះនឹងត្រូវឆ្លងជំងឺ ១០ម៉ឺនករណីជារៀងរាល់ថ្ងៃប្រសិនបើប្រទេសនេះមិនខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ៕
ដោយ ឈូក បូរ៉ា