បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ គ្រោងបន្តដំណើរការនៅសប្ដាហ៍ក្រោយ ដាក់ពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់៤ពាន់លានដុល្លារ ក្នុងដំណើរសងសឹកចំពោះការឧបត្ថម្ភធនរបស់អាមេរិកសម្រាប់ក្រុមហ៊ុនផលិតយន្តហោះ Boeing។
រដ្ឋាភិបាលនៅសហភាពអឺរ៉ុបភាគច្រើន បានធ្វើការគាំទ្រឲ្យដាក់ពន្ធគយដែលគេរំពឹងទុកយ៉ាងខ្លាំង នៅពេលដែលរដ្ឋមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុបជួបប្រជុំគ្នានៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ហើយនេះគឺជារបត់ដ៏ថ្មីបំផុត នៅក្នុងភាពចុះទន់ខ្សោយផ្នែកពាណិជ្ជកម្មអន្តរអាត្លង់ទិក មានរយៈពេល១៦ឆ្នាំ។
គួរបញ្ជាក់ថា មន្ត្រីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer កាលពីខែមុន បានធ្វើការព្រមានថា ពន្ធគយសហភាពអឺរ៉ុបណាមួយ នឹងបង្ខំឲ្យមានការឆ្លើយតបវិញពីសហរដ្ឋអាមេរិក ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគម្រាមធ្វើការវាយបកវិញយ៉ាងធ្ងន់ជាង៕
ប្រែសម្រួល៖ប៉ាង កុង