សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម លោក Lee In-young បានជំរុញឱ្យកូរ៉េខាងជើង កុំបង្កើនភាពតានតឹង ក្នុងការប៉ុនប៉ងសាកល្បង រដ្ឋបាលអាណត្ដិថ្មី របស់អាមេរិក ដោយថាវាជាជម្រើស ដែលមិនចង់បានក្នុងការនាំមក នូវសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
លោកលី បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា នៅឯវេទិកាសន្តិភាពមួយ នៅទីក្រុងសេអ៊ូល ដោយជំរុញឱ្យកូរ៉េខាងជើង គោរព និងអនុវត្តកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយមិនគិតថាតើប្រធានាធិបតី ដូណាល់ ត្រាំ ជាប់ឆ្នោត ឬបេក្ខជនប្រជាធិបតេយ្យ លោក ចូ បៃដិន ក្លាយជាប្រធានាធិបតីថ្មីនោះទេ។
លោកបានលើកឡើងថា“ វាមិនមែនជាជំរើស ដែលគួរឲ្យចង់បាននោះទេ ប្រសិនបើប្រទេសកូរ៉េខាងជើង បង្កើត ឬបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ ដើម្បីស្វែងយល់ពីចេតនា របស់រដ្ឋបាលអាមេរិកបន្ទាប់ មុននឹងបង្កើតគោលនយោបាយ” នោះលោកបានរំលឹកថា កូរ៉េខាងជើង បានធ្វើតេស្តនុយក្លេអ៊ែរ ក្នុងអំឡុងពេលមួយឆ្នាំដំបូង នៃរដ្ឋបាលរបស់អតីត ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា៕ ដោយ៖ ឈូក បូរ៉ា