ព័ត៌មានអន្តរជាតិ

ប្រវត្តិ​លោក​ Joe Biden ពី​ការ​បរាជ័យ​ធំ​២​លើក ក្លាយ​ជា​អនាគត​ប្រធានាធិបតី​ថ្មី​ របស់​សហរដ្ឋ​អាមេរិក​

Joe Biden ​ជា​អ្នក​នយោបាយ ​ជើង​ចាស់​អាមេរិក​មួយ​រូប ​ត្រូវ​បានគេ​ព្យាករណ៍​ថា​ ជា​អ្នក​ឈ្នះការ​បោះឆ្នោត​ប្រធានាធិបតី ដោយ​រំពឹង​ថា​ នឹង​ស្បថ​ចូល​កាន់​តំណែង​ នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​ក្រោយ​។ ការ​ព្យាករណ៍​នេះ​ ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មេដឹកនាំ​ ដ៏​ចាស់​ជាង​គេ​បំផុត ​របស់​សហរដ្ឋ​អាមេរិក។

លោក Biden ជា​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​ ដែល​បានបម្រើ​ការ​ នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​៣៦​ឆ្នាំ និង​ជា​ប្រធានាធិបតី​ទី២ ​ក្នុង​អាណត្តិរបស់​អតីត​ប្រធានាធិបតី Barack Obama ត្រូវ​បាន​ស្ថាប័ន ​សារព័ត៌មាន​ទស្សន៍ទាយ​ថា បាន​យក​ឈ្នះ​ប្រធានាធិបតី ​កំពុង​កាន់​តំណែង​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump។

បុរស​វ័យ​៧៧​ឆ្នាំ​ បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ ដោយ​បាន​ទទួល​អង្គ​បោះឆ្នោត​ យ៉ាង​តិចចំនួន​ ២៧០ ​នៃ​អង្គ​បោះឆ្នោត​ទាំង​អស់ ​៥៣៨។​ យ៉ាង​ណា​លទ្ធផល​ថ្មី​នេះ មិនទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការនៅ​ឡើយ​ ហើយនឹងជាប់​ការប្តឹង​ទៅ​តុលាការ​ទៀត។​

ប្រវត្តិ​សង្ខេប៖​

ក្រោយ​ពីបានទទួល​បរិញ្ញាប័ត្រ ពី​សាកលវិទ្យាល័យរដ្ឋ Delaware និងមហាវិទ្យាល័យ​ច្បាប់​ Syracuse នៅ​ក្នុង​អាយុ២៩​ឆ្នាំលោក Biden ​បាន​ក្លាយ​ទៅ​ជា អ្នក​តាក់​តែ​ងច្បាប់​ក្មេង​ជាង​គេ ​ដែល​បានជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.។

ក៏​ប៉ុន្តែ ក្នុង​ពេល​តែ​ប៉ុន្មានសប្តាហ៍ក្រោយ លោក​បានជាប់​ឆ្នោត​ លោក​ក៏មានសោកនាដកម្ម​ផ្ទាល់​ខ្លួន។ ភរិយា​លោក ​Biden ឈ្មោះ ​Neilia និង​កូន​ស្រី​របស់​គូ​ស្វាមី​ភរិយា​នេះ​ឈ្មោះ Naomi ​បានស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ពេល​ទៅ​ទិញឥវ៉ាន់​ សម្រាប់​បុណ្យ Christmas។​ Biden បាន​ពិចារណា​ អំពី​ការ​លាលែង​ចេញ ​ពី​អាសនៈ​ក្នុង​ព្រឹទ្ធសភា ​ដែលលោកបានឈ្នះ​ឆ្នោតកាលពី​ពេលថ្មីៗនោះ​ ដើម្បី​ថែទាំកូន​ប្រុស​ពីរ​នាក់របស់លោក និងភរិយាលោក។ ​ក៏ប៉ុន្តែ​ជាជាង​ធ្វើ​ដូច្នេះ​ លោកបាន​ចាប់ផ្តើម ​ធ្វើ​ដំណើរ​តាមរទេះ​ភ្លើង ​ចំនួន​៩០​នាទី ​រវាង​រដ្ឋធានី​ Washington និង​គេហដ្ឋានលោក​ក្នុង​រដ្ឋ Delaware ជា​រៀង​រាល់​ថ្ងៃ ​ដែល​ជាទម្លាប់​មួយ​ លោក​បាន​ធ្វើ​ក្នុង​រយៈ​ពេល​៦​អាណត្តិ​របស់​លោក​ ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​ចំនួន​៣៦​ឆ្នាំ។

ប៉ុន្មាន​ឆ្នាំ ក្រោយ​មរណភាព​នៃ​ភរិយា​ លោក ​លោក Biden បាន​ជួប​ ហើយ​បន្ទាប់​មក​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​លោកស្រី Jill Jacobs Tracy ​ដែល​ជាគ្រូ​បង្រៀន​ ហើយគូ​ស្វាមី​ភរិយា​នេះមាន​កូន​ស្រី​ម្នាក់​កាល​ពី​ឆ្នាំ១៩៨១។

លោក Biden បាន​ឈរ​ឈ្មោះ សម្រាប់​តំណែង​ប្រធានាធិបតី​ កាលពី​ឆ្នាំ​១៩៨៧​ និង​ឆ្នាំ២០០៧​ ក៏​ប៉ុន្តែ​លោក​មិន​បាន ​ទទួល​ការ​គាំទ្រ​ច្រើន ​ពី​ពួក​អ្នក​បោះឆ្នោត ក្នុង​ពេល​ទាំង​ពីរ​នោះ​ទេ។​ ក្រោយពេល​ដែល​លោក​ Biden បាន​ដកថយ​ពី​ការ​ប្រកួត​ប្រជែង ​កាល​ពី​ឆ្នាំ២០០៧ ​ក្រោយ​មក​លោក Barack Obama ដែល​កាលនោះ ​ជា​បេក្ខជនប្រធានាធិបតី បាន​សុំ​ឱ្យ​លោក Biden ​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី។ ​

បុរស​ទាំង​ពីរ​នាក់​នេះ ​បាន​ឈ្នះនៅ​ក្នុង​ការ​បោះឆ្នោត​ កាល​ពី​ឆ្នាំ២០០៨​ ហើយ​បាន​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​កាល​ពី​ឆ្នាំ២០១២។​ លោក​ Biden បាន​បម្រើការ​ជា​អនុប្រធានាធិបតី​ របស់លោក Obama ចំនួន​៨​ឆ្នាំ៕

ប្រភព ៖ sabay

Most Popular

To Top