បរទេស៖អ្នកវិភាគអារ៉ាប់បាននិយាយថា ការបរាជ័យរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បាននាំមកនូវភាពធូរស្បើយចិត្តចំពោះប្រទេសខ្លះនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែបង្កឲ្យមានក្តីព្រួយបារម្ភច្រើន សម្រាប់ប្រទេសផ្សេងទៀត ជុំវិញភាពលំបាកដែលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ប្រឈមមុខធ្វើការកែសម្រួលគោលនយោបាយខុសគ្នាពីមុន។

លោក Oraib Rantawi ជាស្ថាបនិកនិងជានាយកនៃមជ្ឈមណ្ឌលសិក្សានយោបាយ មានមូលដ្ឋាននៅទីក្រុង Amman បាននិយាយប្រាប់កាសែត UPI ដូច្នេះថា “មានជំរុំអ្នកឈ្នះនិងជំរុំអ្នកចាញ់ គឺអ្នកដែលស្វាគមន៍ចំពោះជ័យជំនះរបស់លោក បៃដិន និងអ្នកដែលមានការភ័យខ្លាច”។
តាមសេចក្តីរាយការណ៍ពីកាសែត UPI ប្រទេសអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម និងតួកគី គឺស្ថិតនៅក្នុងចំណោមប្រទេសដែលកំពុងមើលដោយក្តីព្រួយបារម្ភ ដោយហេតុផលរៀងៗខ្លួន ពាក់ព័ន្ធការផ្លាស់ប្តូរជាខ្លាំងក្នុងគោលនយោបាយអាមេរិក ក្រោមការដឹកនាំរបស់លោក បៃដិន៕ប្រែសម្រួល៖ប៉ាង កុង

