បរទេស៖ លោក Narong Songarom ប្រធានការិយាល័យជាតិ ដើម្បីព្រះពុទ្ធសាសនា (NOB) បានចេញបទបញ្ជាហាមព្រះសង្ឃ និង លោកនេន កុំឲ្យចូលរួមក្នុងមហាបាតុកម្ម ហើយព្រះសង្ឃអង្គណា ដែលល្មើសបម្រាមអាចនឹងត្រូវផ្សឹក។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Narong ថាមុននេះ ការិយាល័យជាតិ ដើម្បីព្រះពុទ្ធសាសនា និងក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសថៃ បានជូនដំណឹងដល់ប្រធានសាខា គ្រប់គ្រងរបស់ព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីធ្វើឱ្យប្រាកដថា ព្រះសង្ឃនិងលោកនេន មិនចូលរួមក្នុងនយោបាយ ឬសកម្មភាពនយោបាយទេ ។
ការអត្ថាធិប្បាយ របស់លោក ជាការឆ្លើយតបនឹងរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយនិងរូបថត ដែលថតដោយបុគ្គលពាក់ស្បង់ជីវ ដែលចូលរួមក្នុងការប្រឆាំងរដ្ឋាភិបាល។ ព្រះសង្ឃបានចូលរួម ក្នុងការតវ៉ា បើទោះបីជាមានការព្រមានម្តង ហើយម្តងទៀតពី NOB ។ ព្រះសង្ឃមួយក្រុមបានគេលើកបដាដែលទាមទារសិទ្ធិបោះឆ្នោត ខណៈដែលព្រះសង្ឃត្រូវបានហាមឃាត់ មិនឱ្យបោះឆ្នោត៕
ប្រែសម្រួលៈ ណៃ តុលា