បរទេស ៖ ប្រទេសអង់គ្លេស បាននិយាយថា ប្រទេសចិនបានបំពានសន្ធិសញ្ញាទ្វេភាគីដ៏ចម្បងរបស់ខ្លួន ស្តីពីទីក្រុងហុងកុង តាមរយៈការដាក់ប្រើច្បាប់ថ្មី ធ្វើឲ្យប៉ះពាល់ដល់សមាជិកសភាជាប់ឆ្នោត នៅក្នុងទឹកដីអតីតអាណានិគមអង់គ្លេសមួយនេះ និងបានក្រើនរំឭកថា ខ្លួននឹងពិចារណា ដាក់ទណ្ឌកម្ម ជាផ្នែកនៃការឆ្លើយតប។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ថា “ការដាក់ប្រើប្រាស់ច្បាប់ថ្មី របស់ទីក្រុងប៉េកាំង ធ្វើឲ្យប៉ះពាល់កិត្យានុភាពសមាជិកសភា ជាប់ឆ្នោតនៅហុងកុង គឺជាការបំពានដ៏ច្បាស់មួយ ចំពោះសេចក្តីប្រកាសរួមគ្នារវាងចិន និងអង់គ្លេស ដែលមានលក្ខណៈស្របច្បាប់”។
គួរបញ្ជាក់ថា អង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតចិន លោក Liu Xiaoming ដើម្បីបង្ហាញនូវក្តីព្រួយបារម្ភដ៏ជ្រៀលជ្រៅ របស់ខ្លួន ហើយអនុរដ្ឋមន្ត្រីការបរទេស លោក Nigel Adams បានប្រាប់រដ្ឋសភាថា ខ្លួនកំពុងតែពិចារណាដាក់ទណ្ឌកម្ម តាមដែលអាចធ្វើបាន លើបុគ្គលនានា ជុំវិញទង្វើរបស់ប្រទេសចិន ៕
ប្រែសម្រួល៖ប៉ាង កុង