បរទេស ៖ ក្រោយមានការចរចាគ្នា អស់រយៈពេលជិត មួយទសវត្សកន្លងមក មេដឹកនាំរបស់ប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ចំនួន១៥ តាមសេចក្តី រាយការណ៍ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយ លើពិភពលោក ដែលពួកគេនិយាយថា នឹងជួបធ្វើឲ្យប្រសើរឡើងវិញ ពីការរាតត្បាត នៃមេរោគកូរ៉ូណា ។
កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចដ៏ធំទូលាយ ក្នុងតំបន់បនេះ គឺត្រូវបានចុះហត្ថលេខានៅក្រៅ កិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក្នុងប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បង្កើតសហគមន៍ពាណិជ្ជកម្មមួយ ចូលរួមដោយសមាជិក អាស៊ាន១០ប្រទេស និងប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
សេចក្តីសង្ខេប នៃកិច្ចព្រមព្រៀងនោះ បានពិពណ៌នាវាថា គឺជាភាពជាដៃគូសេដ្ឋកិច្ចមានគុណសម្បត្តិខ្ពស់ ទូលំទូលាយទំនើប និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយវាមានគោលបំណងពង្រីកវិសាលភាព ជំនួញនិងការវិនិយោគក្នុងតំបន់ ទន្ទឹមនឹងការរួមចំណែក ដល់កំណើន សេដ្ឋកិច្ចនិងការអភិវឌ្ឍ ជាពិសេសនោះ ប្រទេសជាម្ចាស់ហត្ថលេខា អាចដោះស្រាយជាមួយតថភាពសេដ្ឋកិច្ចនៃការរាតត្បាតរបស់មេរោគកូរ៉ូណា៕
ប្រែសម្រួល៖ប៉ាង កុង
