បរទេស ៖ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ អាចនឹងកំពុងតែស្ថិតនៅក្នុងដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀង ដ៏គួរឲ្យកត់សម្គាល់មួយ ដែលដោះស្រាយបញ្ហាការបង្ខំ ឲ្យធ្វើការក្នុងសម័យសង្គ្រាម បន្ទាប់ពីជាប់គាំងអស់រយៈពេលពីរឆ្នាំ។
ទូរទស្សន៍ Yonhap TV របស់កូរ៉េខាងត្បូង បានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានធ្វើឈានដល់កិច្ច ព្រមព្រៀងបឋមមួយ ដើម្បីសងជម្ងឺចិត្តដល់ពលករកូរ៉េ ដែលត្រូវគេបង្ខំឲ្យធ្វើការងារ ដោយគ្មានប្រាក់ថ្លៃឈ្នួល នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ នៅរោងចក្រនិងអណ្តូងរ៉ែជប៉ុន ។
ទីក្រុងតូក្យូនិងទីក្រុងសេអ៊ូល បានចាប់ផ្តើមចាត់វិធានការ កាន់តែច្បាស់លាស់ឡើង ឆ្ពោះទៅរកការបន្តកិច្ចពិភាក្សាលំដាប់ខ្ពស់ ។ នាពេលថ្មីៗនេះ មន្ត្រីការទូតជាន់ខ្ពស់នានា បានជួបគ្នានៅក្នុងទីក្រុងសេអ៊ូល ហើយសមាជិកសភាកូរ៉េខាងត្បូង បានធ្វើដំណើរទៅទីក្រុងតូក្យូ ដើម្បីជួបលោក Suga កាលពីថ្ងៃសុក្រ ។ ចំណែកប្រធានចារកម្មកូរ៉េខាងត្បូង លោក Park Jie-won ក៏បានជួបគ្នាជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុនផងដែរ កាលពីសប្ដាហ៍មុននេះ៕
ប្រែសម្រួល៖ប៉ាង កុង