ព័ត៌មានអន្តរជាតិ

រកឃើញសត្វកង់ហ្គូរូ នៅស្កុតឡេន ៖ ដាយណូស័រ មានអាយុ៦៦លានឆ្នាំ រកឃើញនៅម៉ារ៉ុក ឆ្លងកាត់សមុទ្រចម្ងាយ ២៥០ ម៉ាយល៍ទៅដល់គោលដៅ

ម៉ារ៉ុក ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា គ្រោងឆ្អឹងសត្វដាយណូស័រទា ដែលរស់នៅកាល៦៦លានឆ្នាំមុន ត្រូវបានគេរកឃើញ នៅក្នុងប្រទេសម៉ារ៉ុក ហើយពពួកសត្វទំាងនោះ បានដើរឆ្លងកាត់មហាសមុទ្រ ចម្ងាយយ៉ាងតិច ២៥០ ម៉ាយល៍ ដើម្បីទៅដល់ទីនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកជំនាញខាងបាសាណិភូត វិទ្យាមកពីសាកលវិទ្យាល័យ Bath និងអ្នកដទៃទៀត បានរកឃើញបំណែកហ្វូស៊ីល នៃដាយណូស័រមិនធម្មតា ត្រូវបានគេដាក់ឈ្មោះថា Ajnabia odysseus នៅលើថ្មនៅប្រទេសម៉ារ៉ុក ។ នេះជាលើកទីមួយហើយ ដែលសមាជិកក្រុមគ្រួសារដាយណូស័រ ត្រូវបានរកឃើញនៅទ្វីបអាហ្វ្រិក បានលើកឡើងថា Anjabia ត្រូវឆ្លងកាត់មហាសមុទ្រ ដើម្បីទៅដល់គោលដៅរបស់ខ្លួន ។

សត្វដាយណូស័រ Ajnabia មានប្រវែងប្រហែល១០ ហ្វីត និងមានទំហំប៉ុនសត្វសេះ មួយប្រភេទ ហើយជាសមាជិក នៃក្រុមសត្វល្មូនដាយណូស័រស៊ីរុក្ខជាតិ ដោយបានវិវត្តនៅអាមេរិកខាងជើង ។ នៅពេលដាយណូស័រនេះ រស់នៅអាហ្វ្រិក គឺជាទ្វីបកោះមួយព័ទ្ធជុំវិញ ដោយទឹកហើយរហូតមកដល់ពេលនេះ ប្រភេទសត្វនេះត្រូវបានគេរកឃើញ តែនៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ីប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត Nicholas Longrich មកពីមជ្ឈមណ្ឌល Milner នៃការវិវត្តន៍នៅសាកលវិទ្យាល័យ Bath បាននិយាយថា ពួកគេបានរកឃើញហ្វូស៊ីល នៅក្នុងអណ្តូងរ៉ែ២ ឬ៣ម៉ោងពី Casablanca ។ វាជារឿងចុងក្រោយលើពិភពលោក ដែលអ្នករំពឹងទុក ហើយដាច់ឆ្ងាយពីកន្លែងទាំងអស់ ដូចជាការរកសត្វកង់ហ្គូរូនៅស្កុតលែន ៕ ដោយ៖លី ភីលីព

Most Popular

To Top