បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ទីក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសម្នាក់ដែលរស់នៅទីក្រុងហាណូយ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ក្នុងរយៈពេល ២ ខែបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសអាយុ ២១ ឆ្នាំរូបនេះបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ពីប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១០ ខែសីហា ដោយបានធ្វើតេស្តិ៍វិជ្ជមាន វីរុសនេះនៅថ្ងៃទី ២៥ ខែសីហា ហើយត្រូវបានព្យាបាលនៅមន្ទីរពេទ្យជាតិសម្រាប់ ជំងឺតំបន់ត្រូពិក ក្នុងទីក្រុងហាណូយ។
ក្រោយមក បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ នៅពាក់កណ្តាលខែកញ្ញា គាត់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះរយៈពេល ពីរសប្តាហ៍ទៀត។ នៅថ្ងៃទី ៧ ខែវិច្ឆិកា គាត់បានទៅមន្ទីរពេទ្យ Transport ដោយមានគ្រុនក្តៅ ហើយត្រូវបានគេអោយថ្នាំសំរាប់ការឆ្លងមេរោគ។
នៅថ្ងៃទី ១៤ ខែវិច្ឆិកាគាត់មានអាការៈក្តៅខ្លួន ៣៩ អង្សារ ហើយមានអារម្មណ៍អស់កម្លាំង។ គាត់បានវិលត្រឡប់ទៅមន្ទីរពេទ្យវិញហើយ បានធ្វើតេស្ត៍វិជ្ជមានម្តងទៀតនៃមេរោគកូវីដ១៩ ។ ការធ្វើតេស្តិ៍កុំព្យូទ័រ PCR ធ្វើឡើងដោយមន្ទីរពេទ្យ ជំងឺតំបន់ត្រូពិកនៅព្រឹកថ្ងៃច័ន្ទបង្ហាញថា គាត់អវិជ្ជមានជាមួយវីរុស។ អាជ្ញាធរមិនទាន់ធ្វើការ សន្និដ្ឋានណាមួយទេ៕ប្រែសម្រួលៈ ណៃ តុលា