ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ចោទរុស្ស៊ីនិងចិន ពីបទធ្វើឲ្យជាប់គាំង ជុំវិញរឿងទណ្ឌកម្មប្រេងកូរ៉េខាងជើង

បរទេស៖ ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់រុស្ស៊ីនិងចិន ពីបទរារាំងគណៈកម្មាធិការ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ មិនឲ្យធ្វើការកំណត់ថា តើកូរ៉េខាងជើង បានរំលោភបំពានទណ្ឌកម្មយូអិន លើការនាំចូលប្រេងចម្រាញ់រួច របស់ប្រទេសកុម្មុយនិស្តឯកា នៅអាស៊ីមួយនេះ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ លោក Christoph Heusgen ជាប្រធានគណៈកម្មាធិការទណ្ឌកម្ម បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “បើទោះជាមានការប៉ុនប៉ង ជាច្រើនក៏ដោយ ក៏បញ្ហានៅតែស្ថិតនៅលើរបៀបវារៈ អស់រយៈពេលមិនតិចជាង៣ឆ្នាំនោះទេ ដើម្បីស្វែងរកការព្រមព្រៀងគ្នា លើអត្រាជឿជាក់ គឺប្រទេសរុស្ស៊ីនិងប្រទេសចិន បាននិងកំពុងតែធ្វើឲ្យជាប់គាំងដំណើរការ”។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបង្កើនទណ្ឌកម្មការ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៦មកម៉្លេះ ក្នុងគោលបំណង ទប់ស្កាត់ថវិកាទំនុបបម្រុង សម្រាប់កម្មវិធីនុយក្លេអ៊ែ និងមីស៊ីលផ្លោង របស់ទីក្រុងព្យុងយ៉ាង។ នៅក្នុងឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខ បានដាក់កំហិត ឲ្យនាំចូលប្រេងចម្រាញ់រួច ត្រឹមតែ៥០០.០០០បារ៉ែលប៉ុណ្ណោះ ក្នុងមួយឆ្នាំ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top