បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនការពារជាតិ Lockheed Martin តាមសេចក្តីរាយការណ៍ បានផ្តល់សំណើឲ្យរដ្ឋាភិបាលរបស់ ប្រទេសស្វីស ដែលស្នើទិញយន្តហោះចម្បាំង F-35A ចំនួន៤០គ្រឿង ព្រមទាំងកម្មវិធីទ្រទ្រង់និងបណ្ដុះបណ្ដាល។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា យោងទៅតាមការឲ្យដឹងពីក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin សំណើផ្តល់ឲ្យនោះ ក៏រួមមានទាំងកញ្ចប់ឧស្សាហកម្មមួយ ដែលនឹងផ្តល់ឲ្យឧស្សាហកម្មស្វីស នូវឱកាសការងារនានា នៅគ្រប់តំបន់ទាំងអស់នៃប្រទេស។
ប្រសិនបើសំណើផ្តល់ឲ្យនេះបានសម្រេចនោះ ក្រុមហ៊ុន Lockheed Martin និយាយថា ឧស្សាហកម្មស្វីស នឹងមានឱកាសប្រកួតប្រជែង សម្រាប់ផលិតកម្មគ្រឿងផ្គុំយន្តហោះចម្បាំង F-35 ដោយផ្ទាល់ ក៏ដូចជាគម្រោងទ្រទ្រង់នានា ដើម្បីគាំទ្រដល់កងទ័ពអាកាសស្វីស ព្រមទាំងគម្រោងស្វយភាពនិងសន្តិសុខតាមអ៊ីនធឺណេតស្វីស ពាក់ព័ន្ធយន្តហោះចម្បាំង F-35៕ ប្រែសម្រួល៖ប៉ាង កុង


