ព័ត៌មានអន្តរជាតិ

តៃវ៉ាន់នឹងចាប់ផ្តើម បង្កើតកងនាវាមុជទឹកថ្មី នៅសប្ដាហ៍ក្រោយ

បរទេស៖ តៃវ៉ាន់បាននិយាយ នៅថ្ងៃសុក្រនេះថា នៅសប្ដាហ៍ក្រោយនេះ ខ្លួននឹងចាប់ផ្តើម ការងារផលិតនាវាមុជទឹកអភិវឌ្ឍ ក្នុងស្រុកថ្មីចំនួន៨គ្រឿងដំបូង ហើយនេះ គឺជាគម្រោងដ៏វែងឆ្ងាយមួយ ដើម្បីពង្រឹងកិច្ចការពាររបស់តៃវ៉ាន់ ស្របពេលចិន ធ្វើទំនើបកម្មយោធាយ៉ាងលឿន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យការិយាល័យ ប្រធានាធិបតី លោក Xavier Chang បាននិយាយប្រាប់ថា កម្មវិធីបង្កើតកងនាវាមុជទឹកនេះ គឺជាផ្នែកដ៏ចម្បងមួយ នៃការធ្វើទំនើបកម្មយោធា និងផែនការពឹងផ្អែកលើខ្លួនឯង របស់លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន។

គួរបញ្ជាក់ថា កោះតៃវ៉ាន់កាន់លទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះ នៅក្នុងពេលបច្ចុប្បន្ននេះ គឺមាននាវាមុជទឹកចំនួន៤គ្រឿង គឺពីរគ្រឿងសល់មក តាំងពីសម័យសង្គ្រាមលោកលើកទីពីរ និងមិនអាចប្រៀងផ្ទឹមនឹងកងនាវាចិន ដែលមានទាំងនាវាអាចបាញ់ អាវុធនុយក្លេអ៊ែបាននោះទេ។

តាមសេចក្តីរាយការណ៍ កងនាវាមុជទឹកដំបូងរបស់តៃវ៉ាន់នេះ ត្រូវបានគេរំពឹងថា នឹងចូលបម្រើការ នៅចុងឆ្នាំ២០២៤៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top