ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃថា ក្រុមបាតុករអាវលឿន មានច្បាប់អនុញ្ញាត និងប្តេជ្ញា ក្នុងការចាត់វិធានការតាមច្បាប់ជាបន្ទាន់ ប្រឆាំងនឹងមេដឹកនាំបាតុកម្ម ប្រឆាំងរដ្ឋាភិបាល

ថៃ៖ ប៉ូលិសថៃ បានប្តេជ្ញា ក្នុងការចាត់វិធានការតាមច្បាប់ជាបន្ទាន់ ប្រឆាំងនឹងមេដឹកនាំបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ដែលទទួលខុសត្រូវ រៀបចំការជួបជុំនៅខាងក្រៅសភា កាលពីថ្ងៃអង្គារ ដែលបានឈានដល់អំពើហិង្សា និងបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៥១ នាក់រងរបួស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការព្រមានចាត់វិធានការនេះ បានធ្វើឡើងក្នុងគ្រា ដែលស្នងការរងប៉ូលីស (MPB) លោកឧត្តមសេនីយ៍ Piya Tawichai បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយ ដែលរៀបរាប់ ពីប្រតិបត្តិការសន្តិសុខរបស់ប៉ូលិស ក្នុងអំឡុងពេល នៃការតវ៉ាកាលពីថ្ងៃអង្គារ។

បើតាមសម្តីរបស់លោកឧត្តមសេនីយ៍ Piya Tawichai ខណៈដែលក្រុមបាតុករ ៤ ក្រុមបានប្រមូលផ្តុំគ្នា នៅខាងក្រៅសភាមានតែ ៣ ក្រុមប៉ុណ្ណោះ ដែលមានការអនុញ្ញាត ពីប៉ូលិសធ្វើបាតុកម្ម។

លោកបានបន្តថា “ អ្នកដែលមកប្រមូលផ្តុំគ្នា ដោយគ្មានការអនុញ្ញាតជាមុន ត្រូវបានគេចាត់ទុកថា បានប្រមូលផ្តុំដោយខុសច្បាប់” ។

សូមជម្រាបថា កាលពីម៉ោងប្រហែល ១ រសៀលថ្ងៃអង្គារ ក្រុមបាតុករអាវលឿង ដែលបានទទួលការអនុញ្ញាត ឱ្យធ្វើបាតុកម្ម បានដើរដង្ហែតាមដងផ្លូវ Thahan ។

លោកបាននិយាយថា ប្រហែលមួយម៉ោងបន្ទាប់ពីនោះ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅក្រោមបដា “បក្សប្រជាជន” បានបំបែករបាំងនៅលើផ្លូវ សាមសែន ក្បែរនោះ ដោយបានបង្ខំឱ្យប៉ូលិសមានប្រតិកម្ម ដើម្បីរក្សាសណ្តាប់ធ្នាប់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top