អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ថា យោធានីហ្សេរីយ៉ា កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា ក្រុមចោរព្រៃចំនួន១៧នាក់ ត្រូវបានសម្លាប់ នៅក្នុងពេលបើកការវាយប្រហារ តាមដែនអាកាស ទៅក្នុងតំបន់ពាយព្យរបស់ប្រទេស ។
លោក John Enenche អ្នកនាំពាក្យយោធា បានលើកឡើងថា ក្រុមចោរព្រៃមួយចំនួនទៀត បានរងរបួស ខណៈដែលយន្តហោះ វាយប្រហារដែនអាកាស បានទម្លាក់គ្រប់ចំ កាលពីថ្ងៃពុធ នៅក្នុងតំបន់ព្រៃ Dunya Forest ស្ថិតនៅភាគខាងជើងនៃរដ្ឋ Katsina ។
លោកបានប្រាប់ដល់ បណ្តាអ្នកសារព័ត៌មាន នៅក្រុងអាប៊ូចា Abuja ថា ជំរុំដ៏ធំមួយនៃក្រុមចោរព្រៃ ក៏ត្រូវបានបំផ្លាញ ក្នុងអំឡុងប្រតិបត្តិការនេះដែរ ។
ក្រុមចោរព្រៃទាំងនោះ ត្រូវបានគេដឹងថា បានប្រព្រឹត្តអំពើអាក្រក់ មានដូចជា អំពើចាប់ជំរិត និងបទឧក្រិដ្ឋផ្សេងៗ ដែលផ្តើមចេញពីតំបន់នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា