បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយប្រាប់សភានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រដ្ឋាភិបាលរបស់លោក នឹងបង្កើនការចំណាយ លើការពារជាតិ ដើម្បីធ្វើប្រទេសឲ្យក្លាយ ជាមហាអំណាចជើងទឹកដំបូងគេ នៅក្នុងតំបន់អឺរ៉ុប ដោយលោកនិយាយថា ពិភពលោក គឺប្រកបដោយគ្រោះថ្នាក់ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សេចក្តីប្រកាសនេះ គឺជាផ្នែក នៃរបស់លោក Boris Johnson បង្ហាញកញ្ចប់ថវិកាថ្មី របស់រដ្ឋាភិបាលរបស់លោក ជាមួយការបង្កើនប្រាក់២១,៨២ពាន់លានដុល្លារ លើសការប្តេជ្ញាពីមុន ក្នុងរយៈពេល៤ឆ្នាំ ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយប្រាប់ដូច្នេះថា “ខ្ញុំបានចាប់យកការ សម្រេចចិត្តនេះ ស្របពេលមានការរាតត្បាតឆ្លងជម្ងឺ ព្រោះតែវិស័យការពារជាតិ ត្រូវតែមកមុនគេ។ ស្ថានភាពអន្តរជាតិ គឺកាន់តែគ្រោះថ្នាក់ខ្លាំងឡើង និងមានការប្រកួតប្រជែង តឹងតែងខ្លាំងឡើង ជាងពេលណាៗទាំងអស់ មុនសម័យសង្គ្រាមត្រជាក់ ហើយអង់គ្លេសត្រូវ តែកាន់យកការពិតស្តីពីប្រវត្តិសាស្ត្រ របស់យើង និងឈរនៅក្បែរសម្ពន្ធមិត្តរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង