ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ព្រមានប្រើច្បាប់ ប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងក្រុមបាតុករ

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញថា ច្បាប់ប្រមាថព្រះមហាក្សត្រ នឹងស្ថិតក្នុងចំណោម “ ច្បាប់និងមាត្រា” ទាំងអស់ដែលត្រូវបានអនុវត្តប្រឆាំងនឹងក្រុមបាតុករ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលសួរដោយអ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលថាតើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ នឹងត្រូវបានអនុវត្តដែរឬទេ លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានតបថា “ វាស្ថិតក្នុងចំណោមច្បាប់ទាំងអស់នោះ។ តើអ្នកយល់ពីពាក្យទាំងអស់នៃច្បាប់ទេ?

ដោយសំអាងលើករណីនានា ដែលពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រនោះ នាយករដ្ឋមន្ត្រីបានបន្ថែមថា “ រដ្ឋាភិបាលត្រូវតែចាត់វិធានការឲ្យបានលឿនពីព្រោះមនុស្សជាច្រើនបានបញ្ចេញមតិលើបញ្ហានេះ ហើយប្រជាជនទូទាំងប្រទេស មិនអាចទទួលយកបានទេ”។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោកឧត្តមសេនីយ៍ប្រាយុធបានប្រកាសថា“ ច្បាប់និងមាត្រាទាំងអស់” នឹងត្រូវបានអនុវត្តប្រឆាំងនឹងក្រុមអ្នកតវ៉ាដែលបានរំលោភច្បាប់។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីការប្រមូលផ្តុំគ្នានៅតាមដងផ្លូវដោយក្រុមបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យដែលទាមទារឱ្យដកលោកចេញពីតំណែង​ និងធ្វើកំណែទម្រង់របបរាជានិយម៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top